Categories
News ២០១៧ ព័ត៌មាន

ក្រុមហ៊ុន ជីអិល​ ហ្វាយនែន ភីអិលស៊ី ចូលរួមជាមួយ​ធនាគារជាតិនៃកម្ពុជា​គាំទ្រ​កម្មវិធីសៀវភៅ​អប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ”

ក្រុមហ៊ុន ជីអិល ហ្វាយនែន ភីអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជាគាំទ្រកម្មវិធីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ”

ដើម្បីចូលរួមចំណែកក្នុងការអប់រំដល់កុមារកម្ពុជាទាក់ទងនឹងចំណេះដឹងអំពីផ្នែកហិរញ្ញវត្ថុអោយបានកាន់តែទូលំទូលាយ ក្រុមហ៊ុន ជីអិល ហ្វាយនែនបានចូលរួមចំណែកជាវិភាគទានគាំទ្រដល់ការផលិតកម្មវិធីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជានិងបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមរយៈគេហៈទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងសម្រាប់ផ្តល់នូវការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារនៅកម្ពុជាដែលមានអាយុចាប់ពី ៨ ដល់ ១២ឆ្នាំ។ កម្មវិធីដាក់អោយប្រើប្រាស់សៀវភៅនេះបានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំដូនពេញ ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ នាក់ ។

ការចូលរួមចំណែករបស់ក្រុមហ៊ុនជីអិល ហ្វាយនែននេះគឺជាការចូលរួមចំណែកបណ្តុះបណ្តាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់កុមារនិងយុវជនជំនាន់ក្រោយ ដែលជាកំលាំងចលករដ៏ធំសម្បើមសម្រាប់ចូលរួមជាមួយក្រុមហ៊ុនក៏ដូចជាសង្គម ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងស្រុក។ ជាមួយគ្នាផងដែរ ពួកគេអាចយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការប្រើប្រាស់សាច់ប្រាក់អោយមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺប្រែក្លាយខ្លួនជាអ្នកផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុតែមួយគត់ និងឈានមុខគេដែលគ្របដណ្តប់នៅតំបន់ជនបទនៃប្រទេសកម្ពុជា។

រូបភាពទាំងស្រុងពីគេហទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា