សម្ព័ន្ធក្រុមហ៊ុន GL ត្រីមាសទី4 ឆ្នាំ2016
កំណត់ត្រាថ្មីលើប្រាក់ចំណេញរបស់ សម្ព័ន្ធក្រុមហ៊ុន GL សំរាប់ត្រីមាសទី4 ឆ្នាំ 2016
ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2017
សម្រាប់ត្រីមាសចុងក្រោយឆ្នាំ 2016 សម្ព័ន្ធក្រុមហ៊ុន GL ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុបែបឌីជីថល មានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយចុះបញ្ជីក្នុងទីផ្សាមូលប័ត្រប្រទេសថៃ បានប្រកាសពីប្រាក់ចំណេញសុទ្ធចំនួន 324,4លានបាត។ នេះបង្ហាញអំពីកំណត់ត្រាថ្មី ក្នុងរយៈពេល 9ត្រីមាសជាប់ៗគ្នា។ បន្ថែមពីលើប្រាក់ចំណេញសុទ្ធ 738,4 លានបាតក្នុងរយៈពេល 9ខែដំបូងសម្រាប់ឆ្នាំ2016 ប្រាក់ចំណេញសុទ្ធសរុបសម្រាប់ឆ្នាំ2016 កើនដល់ 1062,8លានបាត ដែលជាការកើនឡើងដ៏សម្បើម 82,34% បើធៀបទៅនឹងឆ្នាំមុន។
ប្រាក់ចំណេញសុទ្ធសរុបសម្រាប់ឆ្នាំ2016 ដែលកើនឡើងលើសពីគោលដៅ 1ពាន់លានបាត បានឆ្លុះបញ្ចាំងពីការធ្វើអោយប្រសើរឡើងនៃប្រតិបត្តិការណ៏របស់ GL ជាពិសេសគឺទីផ្សានៅក្នុងប្រទេសថៃ និងកម្ពុជា។
ចំនុចសំខាន់មួយទៀតគឺ ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី4 ឆ្នាំ 2016 បានបូកបញ្ចូលជាលើកដំបូងនូវប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Commercial Credit & Finance (CCF) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុចុះបញ្ជីក្នុងទីផ្សាមូលប័ត្រ នៅប្រទេសស្រីលង្កា ហើយក៏ជាក្រុមហ៊ុនដែល GL បានទិញភាគហ៊ុន 29.99% កាលពីចុងឆ្នាំមុន។
ទោះបីជាមានការកើនឡើងខ្ពស់នៃប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ2016 ក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ GL លោក Mitsuji Konoshita បានថ្លែងថា ការប្រតិបត្តិរបស់សម្ព័ន្ធក្រុមហ៊ុន នឹងកាន់តែខ្លាំងជាងមុនទៀតក្នុងឆ្នាំ 2017 ដោយសារតែការរួមបញ្ចូលគ្នារវាងកំណើនដែលមានស្រាប់និងការទិញនិងច្របាច់បញ្ចូលក្រុមហ៊ុនថែមទៀត។
ជាកិច្ចចាប់ផ្ដើម GL នឹងអាចបូកបញ្ចូលប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំ ពីភាគហ៊ុនរបស់ខ្លួនចំនួន 29,99% នៅCCF។ CCFមានប្រតិបត្តិការណ៏ជោគជ័យយ៉ាងខ្លាំង ហើយក្រុមហ៊ុននេះបាននឹងកំពុងទទួលបានប្រាក់ចំណេញ ច្រើនជាងការព្យាករណ៍ពីមុន នេះបើតាមប្រសាសន៍របស់លោក Konoshita។ ការព្យាករណ៍ទុករបស់ CCF បានអោយដឹងថាប្រាក់ចំណេញនៅឆ្នាំ2017រំពឹងនឹងទទួលបាន 30 លានដុល្លាអាមេរិច តែឥឡូវនេះ វាបានកែតំរូវឡើងវិញហើយរំពឹងថាកើនរហូតដល់ 32 លានដុល្លាអាមេរិច។
ក្រៅពីប្រទេសស្រីលង្កា ប្រតិបត្តិការណ៍របស់GL នៅមីយ៉ានម៉ា បានចាប់ផ្តើមយ៉ាងពេញលេញ បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនបានទទួលការកាន់កាប់ពេញសិទ្ធទាំងស្រុងទៅលើ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ BG Microfinance Myanmar (BGMM) និងបានចាប់យកដៃគូយុទ្ធសាស្រ្ដជាមួយ លោក Aung Moe Kyaw ដែលជាមហាសេដ្ឋីស្រាវីស្គីក្នុងប្រទេសមីយ៉ានម៉ា និងជាម្ចាស់ក្រុមហ៊ុន Century Finance នៅក្នុងស្រុកដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគាកណ្តាលមីយ៉ានម៉ា។
យោងទៅតាមលោក Mitsuji Konoshita ក្រុមហ៊ុន BGMM ដែលបច្ចុប្បន្នមានសាខាជាង 30 ក្នុងតំបន់ផ្សេងៗនៅប្រទេសមីយ៉ានម៉ា រំពឹងថានឹងពង្រីកការផ្ដល់ប្រាក់កម្ចីខ្នាតតូច និងកម្ចីជាក្រុមដែលមានទំហំសរុប 50 លានដុល្លាអាមេរិច បន្ថែមទៀតក្នុងឆ្នាំនេះ។ បន្ថែមលើសពីនេះ ក្រុមហ៊ុនចូលហ៊ុនគ្នារវាង GL និងក្រុមហ៊ុន Century Finance ដែលផ្ដោតទៅលើសេវាកម្មស្វែងរក (ស្វែងរកអតិថិជន ដោយទទួលបានកំរៃសេវាកម្ម សំរាប់ក្រុមហ៊ុន Century Finance) រំពឹងថានឹងផ្ដល់ប្រាក់កម្ចី 50 លានដុល្លាអាមេរិចដូចគ្នា។ ប្រសិនបើគោលដៅនេះបានដូចការគ្រោងទុក ប្រតិបត្តិការណ៍ទាំងពីរនឹងបង្កើតប្រាក់កម្ចីដែលគិតជាទឹកប្រាក់សរុប 100 លានដុល្លាអាមេរិច។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន GL Finance Indonesia (GLFI) បានរាយការណ៍ថាបានពង្រឹកប្រតិបត្តិការរបស់ខ្លួនបានយ៉ាងខ្លាំង បន្ទាប់ពីចាប់ផ្ដើមកាលពីចុងឆ្នាំមុន។ លោក Konoshita បានបាន់ស្មានថាទំហំទឹកប្រាក់កម្ចីក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើងដល់ 200 លានដុល្លាអាមេរិចសម្រាប់ឆ្នាំនេះ ដែលជាប្រភេទកម្ចីផ្សេងៗរបស់ការប្រើប្រាស់ទូទៅ និងហិរញ្ញប្បទានខ្នាតតូច។ ក្នុងនាមជាទីផ្សាដ៏ធំ នៅអាស៊ាន ដែលមានប្រជាជនជាង 250 លាននាក់ GLFI ត្រូវបានព្យាករណ៍ថានឹងទទួលបានប្រាក់ចំណេញច្រើន សម្រាប់សម្ព័ន្ធក្រុមហ៊ុន ក្នុងឆ្នាំខាងមុខនេះ។
សម្រាប់ទីផ្សានៅកម្ពុជាដែលមានការកើនឡើងខ្ពស់ជាងប្រទេសថៃ ហើយក្លាយជាក្រុមហ៊ុនផ្ដល់ប្រាក់ចំណេញធំជាងគេអោយសម្ព័ន្ធក្រុមហ៊ុន លោក Konoshita បានរំពឹងទុកថា ក្រុមហ៊ុន GL Finance (ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជារបស់សម្ព័ន្ធក្រុមហ៊ុន) នឹងកើនឡើងទំហំប្រាក់កម្ចីរហូតដល់ប្រហែល 400 លានដុល្លាអាមេរិច នៅចុងឆ្នាំ2017នេះ។
កម្ពុជាគឺ ជាការជោគជ័យមួយសម្រាប់ GL។ តាមរយៈការចាប់ដៃគូរផ្ដាច់មុខជាមួយក្រុមហ៊ុនហុងដា ដែលជាម៉ាកម៉ូតូមានការពេញនិយមបំផុតនៅកម្ពុជា GLF បានគ្របដណ្ដប់ទៅលើទីផ្សាជួលម៉ូតូជាកម្មសិទ្ធ និងបានពង្រីកការជួលជាកម្មសិទ្ធទៅលើ ផលិតផលគ្រឿងចក្រកសិកម្មគូបូតា និងប្រព័ន្ធសូឡាប្រើពន្លឺព្រះអាទិត្យ។ ក្រុមផ្នែក បច្ចេកវិទ្យារបស់ GL ក៏បានបង្កើតនូវ ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលមានប្រសិទ្ធភាពខ្ពស់ និងការចំណាយដែលមានប្រសិទ្ធភាព ហើយកំពុងតែបានអនុវត្តន៍នៅគ្រប់ទីផ្សាផ្សេងៗទៀតរបស់GL។
ប្រធានក្រុមប្រឹក្សាភិបាល GL បានអះអាងថា ជាមួយប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រសិទ្ធភាពនៃប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន សម្ព័ន្ធក្រុមហ៊ុនយើងអាចពង្រីកបានយ៉ាងឆាប់រហ័សទៅកាន់ទីផ្សាថ្មីៗ។ បច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុនយើង មានប្រតិបត្ដិការចំនួន ប្រាំពីរ ប្រទេស គឺ ថៃ សិង្ហបុរី កម្ពុជា ឡាវ មីយ៉ានម៉ា ឥណ្ឌូនេស៊ី និងស្រីលង្កា។ លោក Konoshita បានប្រកាសមុននេះថា ខ្លួននឹងពង្រីងទៅកាន់ទីផ្សាថ្មីចំនួន13 ទៀតនៅក្នុងទ្វីបអាហ្វ្រិក និងអ៊ឺរ៉ុបខាងកើត ក្នុងឆ្នាំនេះ ដែលនាំអោយ GL បោះជំហានរបស់ខ្លួនគ្របដណ្ដប់លើ 20 ប្រទេសសរុប។
ផែនការពង្រីកដ៏គួរអោយរហ័សនេះ គឺជាគោលដៅយុទ្ធសាស្រ្ដរបស់ GL ដើម្បីក្លាយជា “ក្រុមហ៊ុនសកលមួយ‘’។